ម៉ាក់ សែនសូនីតា ផលិតកម្ម​ពីរកក់​ធ្វើតួឯក​នៅ​ឆ្នាំ ២០១៧

ភ្នំពេញៈ ទើបតែ​បាន​វិលត្រឡប់​មកពី​ដំណើរ​កម្សាន្ត​លម្ហែកាយ​នៅឯ​ប្រទេស​ម្ចាស់​មហាកំពែង​ចិន សមុទ្រ​ខ្សាច់​អារ៉ាប់ និងបាន​បង្ហោះ​ដុំដុល្លារ​ច្រើនសន្ធឹក​សន្ធាប់​សម្ញែង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ទៅដល់​មហាជន នៅតាម​បណ្ដាញ​អ៊ីនស្តាក្រាម បន្ថែម​សារមួយ​ឃ្លាថា «ខែ​ចុងក្រោយ​នៃឆ្នាំ ២០១៦! ខែធ្នូ គោលដៅ​នៃជីវិត​ចាប់ផ្តើម​លេចចេញ​ជារូបរាង​បន្តិចម្តង​ហើយ!» ដូចជា​យកប្រាក់​ទៅ​ទិញផ្ទះ​ប្រណីត​នៅបុរី​ណាមួយ​នោះ ក៏ស្រាប់តែ​លេចឮថា តារា​សម្តែង នាង ម៉ាក់ សែនសូនីតា ហៅ​កញ្ញា តូតា មាន​ផលិតកម្ម​ភាពយន្ត​ចំនួន ២ បានកក់​នាងទុក​សម្រាប់​លាភ​ហុងស៊ុយ​ឆ្នាំ ២០១៧ រួចបាត់​ទៅហើយ!

កញ្ញា តូតា ក៏បាន​បង្ហើប​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹង​ក្នុងពេល​ថ្មីៗនេះ​ថា៖ «ពិតមែន​ហើយ​បង! នា​ដំណាច់​ឆ្នាំ ២០១៦ នេះ នាងខ្ញុំ​ទទួលបាន​ការកក់​ទុកពី​ផលិតកម្ម​ចំនួន​ពីរ សម្រាប់​ថតកុន​ភាគ​ដូចគ្នា តែមួយ​មានការ​ចុះកុងត្រា​រួចហើយ ខណៈ​មួយទៀត​នៅ​មិនទាន់​ចុះកិច្ចសន្យា​នៅឡើយ​ទេ តែ​យើងក៏​នឹងចាប់ផ្តើម​ធ្វើការងារ​នៅក្នុង​ដើមខែ​មករា ឆ្នាំ ២០១៧ នេះ​ផងដែរ»។

តារា​សម្តែង និង​តារាម៉ូដែល​ល្បីឈ្មោះ​ទាំង​វ័យក្មេង​កញ្ញា ម៉ាក់ សែនសូនីតា ដែល​ធ្លាប់បាន​អួត​ខ្លួនឯង​ក្ដែងៗតាម​ហ្វេសប៊ុក​ថា ខ្លួនមាន​រូប​សម្ផស្ស​ស្រស់ស្អាត​បែប​ធម្មជាតិ​នោះ បាន​និយាយ​ឲ្យដឹង​ទៀតថា៖ «សម្រាប់​កុនភាគ​នៃ​ផលិតកម្មទី ១ ជា​របស់​ផលិតករ​ជាតារា​សម្តែង​ដែរគឺ​បង សុវណ្ណ មករា ដែលមាន​ចំនួន​ជាង ៤០ ភាគ មាន​ចំណងជើង​ថា បញ្ចប់​ស្នេហ៍​ត្រឹមអូន ដែល​នឹងចាក់​បញ្ចាំង​នៅប៉ុស្តិ៍​ទូរទស្សន៍ CTN។ ចំណែក​កុន​ភាគទី ២ សុំលាក់​ចំណងជើង​សិន ហើយ​ប្រហែល​ជាមាន​ចំនួន​ជាង ៤០ ភាគ​ផងដែរ សម្រាប់​ការចាក់​បញ្ចាំង នៅឯ​ប៉ុស្តិ៍​ទូរទស្សន៍ PNN»។

បើតាម​ការ​ប្រមាញ់​មើល និង​តាមដាន​មើលពី​សំណាក់​អ្នកទស្សនា និង​មហាជន​នោះ ឃើញថា​តារា​សម្តែង​ស្រីនៅ​តែមាន​សម្រស់​ស្រស់ស្អាត មិនជ្រេ​តាម​វ័យ ម៉ាក់ សែនសូនីតា ហៅ តូតា គឺមាន​រាសី​ឡើងក្រឺតៗ ក្នុង​ការងារ​សិល្បៈ​ទាំង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម និងសម្តែង​កុន​តែម្តង ហើយ​ខណៈ​ពេលថ្មីៗ​នេះ កញ្ញា តូតា ក៏បាន​ចូលរួម​ជា​តំណាង​តួស្រី​មាន​វត្តមាន​ធ្វើឲ្យ​ភាពយន្ត​ដុំខ្នាត​ធំ​រឿង «ចន្ទ្រា» ក្លាយជា​ភាពយន្ត ដែល​ទទួលបាន​ចំណូល​ច្រើន​ជាងគេ​ប្រចាំ​ឆ្នាំ ២០១៦ នៅ​រោងភាពយន្ត​លេជិន​ផងដែរ។

តារា​ស្រី​បបូរមាត់​សិចស៊ី​កញ្ញា តូតា ក៏បាន​ថ្លែង​ក្នុង​របៀប​ដាក់ខ្លួន​ដូចជា​មិនចង់​ព្រម​ទទួលស្គាល់​យកពី​ភាពជោគជ័យ​ក្នុង​វិស័យ​ភាពយន្ត និងមាន​ទីផ្សារ​ច្រើន​នោះឡើយ​ដែរថា៖ «អរគុណ​មហាជន​ដែល​សរសើរ! តែនាង​ខ្ញុំ​ដូចជា​មិនសូវ​កាក់កប​ខ្លាំងអ្វី​ប៉ុន្មាន​នោះទេ​សម្រាប់​ភាពយន្ត តែ​មានការ​ផ្សំគ្នា​រវាង​ការថត​កុន និង​ការថត​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម ទើប​នាងខ្ញុំ​មានការ​មមាញឹក​ខ្លាំង​នាពេល​កន្លងមក»។

បន្ថែម​ពីនេះ តារា​សម្តែង​ស្រីស្រស់ រាងតូច​ច្រឡឹង​សម្រស់​នៅចាំ ដែល​លេចឮ​ល្បីថា កំពុង​តែមាន​កន្លង់​ចោមរោម​ទាំងចាស់​ទាំងក្មេង​ចំនួន​ប្រមាណ ៤ ឬ ៥ នាក់ កំពុងតែ​ប្រជែង​ដាក់​ពាក្យសុំ​ធ្វើជា​ម្ចាស់​បេះដូង រូបនេះ​ឮល្បី​ថា​ដូចជា​មានការ​ដំឡើង​តម្លៃខ្លួន​លើការ​ថតកុន​ផងដែរ​សម្រាប់​ការបើក​ទំព័រ​សករាជ​ឆ្នាំថ្មី ដោយ​នាងបាន​បង្ហើប​បែប​លាក់លៀម​ថា៖ «សម្រាប់​នាងខ្ញុំ តម្លៃ​ខ្លួន​ថតកុន​ក្នុង​ឆ្នាំថ្មី គិតថា​ដូចជា​មិនសូវ​ទាមទារ​ឡើងថ្លៃ​ខ្លាំង​នោះទេ។ មើលទៅ​ប្រហែលជា​សុំឡើង​តិចតួច​តាមការ​យល់ព្រម​ពី​ផលិតកម្ម​ផងដែរ»៕ ប្រភព៖ postkhmer

ចុចអាន៖ តារាថៃ ១០ គូ ស្ម័គ្រចិត្តថើបពិតៗ ពេលសម្តែងរឿង

ចុចអាន៖ ងួន ចាន់ដេវីដ ចង់សម្រេចបំណងប្រាថ្នាធំមួយទៀតនៅឆ្នាំ ២០១៧!

Leave a comment

Your email address will not be published.


*